ក្រុមហ៊ុនចិន ប្រកាសដើរចេញពីគម្រោងសាងសង់អភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី ដោយពុំមានលទ្ធភាពវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញានេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គឺនៅទំនេរនៅឡើយ ដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិ គឺក្រុមហ៊ុនចិនទទួលការខាតបង់យ៉ាងច្រើន ហើយប្រកាសពុំមានលទ្ធភាពបន្ដការវិនិយោគទៀតនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ដោយសារគម្រោងសាងសង់នេះ ទាក់ទងជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍កម្រិតជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានស្នើសុំគោលការណ៍៣ចំណុច ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយក្រុមហ៊ុនទទួលបាន ស.ជ.ណ អភិវឌ្ឍន៍នេះមិនមានលទ្ធភាពដើម្បីបន្ដការងាររបស់ខ្លួន។

លោក ស៉ីន ចាន់សិរីវុត្ថា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនេះ គឺស្ថិតនៅក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជាដដែល ដោយទាមទារនូវពេលវេលា ក្នុងការស្វែងរកអ្នកវិនិយោគថ្មី។

គួររំលឹកថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ តាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ៕