ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប១៧៤,១៦ គ.ម (រួមទាំងផ្លូវច្រកព្រំដែន ៤កន្លែង ៨,៩៨គ.ម) ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមានជ័យ ។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀតរបស់ប្រទេសជាតិ៕