សហគមន៍កសិកម្ម ៥ ទទួលបានជ័យលាភីឆ្នើមឆ្នាំ២០២០ ខណៈធ្វើពិធីប្រគល់ជ័យលាភីត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៥ ខែកុម្ភៈ ។

សម្រាប់ឆ្នាំនេះជ័យលាភីលេខ១: បានទៅសហគមន៍កសិកម្មតស៊ូមានជ័យ លេខ២: សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង លេខ៣: សហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ លេខ៤: សហគមន៍កសិកម្មអញ្ញាញរូងសម័យថ្មី និងលេខ៥: សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ។ យោងលើសេចក្តីត្រូវការជាក់ស្តែង ឆ្នាំនេះក្រសួងសម្រេចជូនសហគមន៍កសិកម្មដែលទទួលបានជ័យលាភីទាំង៥ ជាថវិកាវិញ ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសហគមន៍របស់ខ្លួន ដែលមានតាមលំដាប់លំដោយពីលេខ០១ ដល់លេខ០៥ ដូចតទៅ ១៦លានរៀល ១០លានរៀល ៨លានរៀល ៦លានរៀល និង ៤លានរៀល ព្រមទាំងប័ណ្ណសរសើរផងដែរ។

លោកឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីការ រៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងដំណើរការនៃការជ្រើសរើសសហគមន៍កសិកម្មឆ្នើមផ្តល់ជ័យលាភី និងវិញ្ញាសារប្រឡងជ្រើសរើស។

មានមតិសំណេះសំណាលនាឱកាសនេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរចំពោះសហគមន៍កសិកម្មទាំង៥ ដែលទទួលបានជ័យលាភីនៅឆ្នាំនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង យកអស់ស្មារតីទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្មដែលបានរួមសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានថ្លែង អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលនៅតែបន្តជួយអភិវឌ្ឍវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមនេះចាប់ តាំងពីឆ្នាំ២០១៥ មកទល់ពេលនេះបានចំនួន០៤ លើកដែលសហគមន៍កសិកម្មត្រូវបានផ្តល់ឱកាសឱ្យចូលរួមកម្មវិធីសន្និបាតកសិករ ដើម្បីប្រកួតប្រជែងក្នុងចំណោមសហគមន៍កសិកម្មឆ្នើមដើម្បីដណ្តើមជ័យលាភីប្រចាំឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងបានយកចិត្តទុកដាក់លើកទឹកចិត្តដល់កសិករឱ្យចងក្រងសហគមន៍កសិកម្មដើម្បីរក្សានិរន្តរភាពនៃសកម្មភាពនានាក្រោយពេលគម្រោងត្រូវបានបញ្ចប់ ធ្វើការចុះបញ្ជីនៅក្រសួងបានត្រឹមត្រូវ រៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ មានសកម្មភាពសេដ្ឋកិច្ចបម្រើដល់កសិករជាសមាជិក និងមានយន្តការគ្រប់ គ្រង ដឹកនាំដោយខ្លួនឯង មានរចនាសម្ព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ ព្រមទាំងមានអង្គភាព ដៃគូ និងស្ថាប័នរដ្ឋគាំទ្រផងដែរ។ ទាក់ទងចំណុចនេះ លោកស្នើឱ្យ DGRV ជួយបន្តផ្តល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ក៏ដូចជាការជួយគាំទ្រដល់សម្ព័ន្ធសហគមន៍កសិកម្មឱ្យដំណើរការបានល្អសំដៅចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មឱ្យមានការរីកចម្រើននាពេលអនាគត។


