មន្រ្តីជាន់ខ្ពស់អូស្ត្រាលីមកកម្ពុជាជើងនេះ ដាក់ឱ្យដំណើរការកម្មវិធី CAP-RED នាថ្ងៃទី១៨ ខែកញ្ញានេះ ស្ថិតនៅខេត្តសៀមរាប ដើម្បីផ្ដល់ជំនួយដល់កម្ពុជាក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មីមួយទៀត គឺកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួន៨៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៥៨លានដុល្លារអាមេរិក។

គម្រោងនោះផ្តោតសំខាន់លើវិស័យធំៗ៤ គឺហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្មនិងកសិឧស្សាហកម្ម សមភាពយេនឌ័រនិងបរិយាប័ន្នសង្គម ដែលរួមមានទាំងការគិតគូរអំពីបម្រែបម្រួលអាកាសធាតុ និងភាពធន់នឹងអាកាសធាតុ។
បន្ថែមពីលើគម្រោងថ្មីនេះដែរ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មក រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជាប្រមាណ ១.៣ប៊ីលានដុល្លារអូស្ត្រាលី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៨ ខែកញ្ញា លោក វង្សី វិស្សុត បាននិយាយថា «ជំនួយទាំងនោះបានជួយមកកម្ពុជាលើវិស័យជាច្រើន ដូចជា កសិកម្ម អប់រំនិងបណ្តុះបណ្តាល សុខាភិបាល អភិបាលកិច្ច បោសសម្អាតមីន ជាពិសេសជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញ និងជំរុញការស្តារសេដ្ឋកិច្ចបានឆាប់រហ័ស»។
លោកគូសបញ្ជាក់ថា ភាពខ្លាំងរបស់ប្រទេសអូស្ត្រាលី គឺជាផ្ដល់នូវភាពល្អប្រសើរសម្រាប់តំបន់ រួមទាំងប្រទេសកម្ពុជា ហើយវិបុលភាពរបស់ប្រទេសកម្ពុជាក៏ជាភាពល្អប្រសើរសម្រាប់តំបន់ រួមទាំងប្រទេសអូស្ត្រាលីវិញផងដែរ៕