ក្នុងនាមជាប្រធានអាស៊ានសម្រាប់ ឆ្នាំ២០២២ កម្ពុជា នឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ាន និង សាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះបើតាមការលើកឡើងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម្ភោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុងណាននីង តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន កាលថ្ងៃទី ១៦ ខែកញ្ញា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បានលើកឡើងថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្តួចផ្តើមស្ដីពី ការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០។
ជាមួយគ្នានេះ សម្តេចយល់ថា ដើម្បីអភិវឌ្ឍន៍នៅចំនុចខាងលើនេះ ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការ បង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)ជាដើម។
គួរបញ្ជាក់ដែរថា ឆ្លៀតក្នុងកម្មវិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងដែរថា ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តន៍នូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ «ច្បាប់ស្តីពីវិនិយោគថ្មី» ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាផងដែរ៕