ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយការិយាល័យសេដ្ឋ ត្រួតពិនិត្យការនាំចេញ នៃប្រទេសទេសអាឡឺម៉ង់ រៀបចំសិក្ខាសាលាស្តីពី«គម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ(ATT)លើកទី៣» នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ។
កន្លងមកការិយាល័យសេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ(BAFA) នៃប្រទេសអាឡឺម៉ង់ បានសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន បានរៀបចំសិក្ខាសាលាបែបនេះ ចំនួន២លើកមកហើយ ដែលសិក្ខាសាលានេះ មានគោលបំណងសិក្សាពីការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធិភាព នៃបទប្បញ្ញាតិ ស្តីពីពាណិជ្ជកម្មអាវុធនៅក្នុងច្បាប់ជាតិ និងការអនុវត្តជាសកល ហើយបញ្ហានៃការជូញដូរអាវុធខុសច្បាប់សព្វថ្ងៃនេះ គឺជាបញ្ហាប្រឈមកំពុងជួបប្រទះ ទាំងក្នុងតំបន់ និងជាសកល។
ឯកឧត្តមឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន មានប្រសាសន៍ថា គ្រប់អាវុធដែលត្រូវបានផលិតទាំងអស់ សុទ្ធតែធ្វើឲ្យអន្តរាយដល់រាង្គកាយ និងអាយុជីវិត ហើយមានជនប្រដាប់អាវុធជាច្រើន នៅលើពិភពលោក បានប្រើប្រាស់បង្កជាជម្លោះ និងបានធ្វើឲ្យមនុស្សរាប់លាននាក់រងរបួស ខ្លះពិការ ខ្លះស្លាប់ បង្កឲ្យមានស្រ្តីមេម៉ាយ ក្មេងកំព្រា ជនភៀសខ្លួន ភាពអត់ឃ្លាន និងគ្មានផ្ទះសម្បែងជាដើម។
ឯកឧត្តម មៀច សុផាន់ណា បានរំលឹកពីប្រវត្តិសាស្រ្តកម្ពុជាថា កម្ពុជា ធ្លាប់ឆ្លងកាត់ និងទទួលបទពិសោធដ៏ជូរចត់ជាច្រើនទសវត្សមកហើយដូចជា សង្គ្រាមទ័ពព្រៃ សង្គ្រាមស៊ីវិល ការលុកលុយ និងភាពក្រីក្រ ដែលបានសម្លាប់ប្រជាជនកម្ពុជា អស់ជាច្រើនលាននាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅក្នុងប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា នៅពេលនោះ កម្ពុជាមិនមែនជាប្រទេសផលិតអាវុធទេ ហើយក៏មិនមែនជាអ្នកជួញដូរអាវុធដែរ តែជាប្រទេសដែលរងគ្រោះដោយសារអាវុធ។ ទោះយ៉ាងណា ឯកឧត្តម មៀច សុផាន់ណា លើកឡើងថា សន្តិភាពដែលបានវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញទាំងស្រុង ក្រោមគោលនយោបាយឈ្នះឈ្នះ ដោយផ្អែកលើស្មារតីសាមគ្គីភាព និងឯកភាពជាតិរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តមបន្តថា ជាការពិតណាស់ សន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ បង្ហាញពីឱកាសសម្រាប់សមាជិកសហគមន៍អាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីការតាំងចិត្តរួមគ្នា ការផ្សាភ្ជាប់គ្នាទៅវិញទៅមករវាងការអភិវឌ្ឍ សន្តិសុខជាតិ និងដើម្បីបង្កើតកាតព្វកិច្ច ដែលប្រឆាំងការផ្ទេរអាវុធ ដែលអាចបំផ្លាញដល់សន្តិសុខស៊ីវិល និងសន្តិសុខមនុស្សធម៌នៅក្នុងតំបន់។
ជាមួយគ្នានេះ លោក Sascha Reebs លេខាទី១ នៃស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជា សម្តែងក្តីសោមនស្ស ដែលមើលឃើញកម្ពុជា បានរៀបចំឯកសារផែនទីតម្រង់ទិសសម្រាប់គ្រប់គ្រងអាវុធស្របច្បាប់ ហើយលោកសង្ឃឹមថា នឹងបន្តធ្វើការរួមគ្នា ដើម្បីទទួលបានភាពជោគជ័យ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសហត្ថលេខីលើសន្ធិសញ្ញាពាណិជ្ជកម្ម(ATT)រួចមកហើយតាំងពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣ ដោយអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ប៉ុន្តែនៅមិនទាន់បានបំពេញបែបបទសព្វគ្រប់សម្រាប់ផ្តល់សច្ចាប័ននៅឡើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យមានការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបន្តកិច្ចការងារពាក់ព័ន្ធខាងលើ៕