រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃសៅរកន្លងទៅ តាមរយៈសារជាសំឡេងបានដាក់ចេញបទបញ្ជាបន្ទាន់ឲ្យមន្រ្តីចុះបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់ ឬកន្លែងអាជីវកម្មបង្កប់ល្បែងភ្នាល់អនឡាញ ហើយក៏ព្រមានដកចេញពីដំណែងទៀតផង បើល្បែងស៊ីសងខុសច្បាប់នៅតែកើតមានឡើងតាមមូលដ្ឋានខ្លួន។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៩ កញ្ញានេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។
បើតាមសម្តេចក្រឡាហោម ស ខេង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។
សម្ដេចបានសង្កត់ធ្ងន់ថា៖ «ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់អាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ អាខុសច្បាប់ហ្នឹងមានពន្ធ មានចំណូលស្អីចូលរដ្ឋដូចគេវិនិយោគត្រឹមត្រូវ? វាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគច្រើនថែមទៀតផង។ ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»៕