ឧទ្យានសួនចិញ្ចឹមសត្វ និងអាងចិញ្ចឹមត្រីលំដាប់ពិភពលោក របស់ក្រុមហ៊ុន Angkor Wildlife & Aquarium ដែលសាងសង់អស់តម្លៃប្រមាណ ៧០លានដុល្លារ លើផ្ទៃដី ១០០ហិកតា នៅខេត្តសៀមរាប គ្រោងនឹងចាប់ផ្តើមបើកឱ្យដំណើរការ នៅចុងខែតុលា ឆ្នាំ២០២២នេះហើយ។

បើតាមលោកស្រី ទាង អេង ភរិយារបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងតាមរយៈបណ្តាញសង្គមថា គម្រោងសួនសត្វ Angkor Wildlife & Aquarium នេះ នឹងក្លាយជាគោលដៅទេសចរណ៍បន្ថែមមួយទៀតរបស់ខេត្តសៀមរាប បន្ទាប់ពីប្រាសាទអង្គរវត្ត។ លោកស្រី បានបន្ថែមថា ចំណុចពិសេសនៅក្នុងទីតាំងនេះមានដូចជា ត្រីទឹកសាប រស់នៅក្នុងទន្លេមេគង្គ មានរូបរាងប្លែកធំ គឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញ ព្រមទាំងមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់ផងដែរ។

សូមបញ្ជាក់ថា ឧទ្យាន Angkor Wildlife & Aquarium ស្ថិតនៅក្នុងឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ដោយមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។ អភិបាលស្រុកសូត្រនិគម លោក ម៉ក់ ប្រុស បានថ្លែងឱ្យដឹង កាលពីថ្ងៃទី ១៩ ខែកញ្ញាថា Angkor Wildlife & Aquarium ត្រូវបានវិនិយោគដោយវិនិយោគិនក្នុងស្រុក និងបរទេស (អាមេរិក និងជប៉ុន) ក្នុងគោលបំណង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសក្នុងស្រុកសូត្រនិគម តាមរយៈការបង្កើតឱ្យមានកន្លែងកម្សាន្តលំដាប់ពិភពលោក សម្រាប់ទទួលភ្ញៀវទេសចរពីគ្រប់ទិសទី ព្រមទាំងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនក្នុងតំបន់៕



