ផលិតផលក្លែងក្លាយ និងខូចគុណភាពចំនួន ៨តោនស្មើរនឹង ២២មុខត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសម្រេចកិនកម្ទេចចោល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតក្នុង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ មៀច សុផាន់ណា បញ្ជាក់ថា សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ចនានា និងព្រះរាជអាជ្ញា ចុះបង្រ្កាផលិតផលក្លែងក្លាយ ក្នុងសហគ្រាស ០៤កន្លែង នៅក្នុងខេត្តកំពង់ធំ ហើយសមត្ថកិច្ចចម្រុះ បានរកឃើញ ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ ព្រមទាំងបានរឹបអូសរក្សាទុកបានចំនួន២២មុខ ប្រមាណជាង៨តោន។
លោកថា ផលិតផលទាំងនេះត្រូវកិនកម្ទេចចោលតាមការបង្គាប់របស់តុលាការនៅពេលនេះ រួមមាន ផលិតផលទឹកក្រូចចម្រុះម៉ាកសញ្ញា ផលិតផលតែបៃតង ស្រាបៀរ ផលិតផលទឹកសុទ្ធ មេទឹកក្រូច ស្ករអំពៅ, មេក្លិនក្រូច ប្រភេទA3923 និងល័ក្ត Apple Green ជាដើម។
ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើសារដល់ឈ្មួញទុច្ចរិតទាំងឡាយ ត្រូវតែបញ្ឍប់ជាបន្ទាន់ ចំពោះសកម្មភាពល្មើសច្បាប់ ដែលបង្កហានិភ័យខ្ពស់ប៉ះពាល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ៕