រមណីយដ្ឋានកៀនស្វាយក្រៅ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរមណីយដ្ឋាននេះមានចម្ងាយផ្លូវពីភ្នំពេញតែ ១៩ គ.ម. ប៉ុណ្ណោះ។

រមណីយដ្ឋាននេះកើតឡើងជាង៤០ឆ្នាំមកហើយគឺបង្កើតឡើងក្រោយឆ្នាំ១៩៧៩ ហើយលេចរូបរាងលើផ្ទៃដី១០ ហិចតាដែលបរិយាកាសនៅទីនោះពោរពេញដោយសម្រស់ធម្មជាតិដ៏អស្ចារ្យ លំអដោយម្លប់ឈើខ្ពស់ៗ តូចធំ ដ៏ត្រជាក់ត្រឈឹងត្រឈៃ និងមានដំណាំចំការ និង ដំណាំហូបផ្លែគ្រប់មុខដ៏ស្រស់បំព្រងថែមទៀតផង ។ ក្រៅពីនេះ នៅមានសម្រស់ ខ្ទបដ៏វិសេសវិសាលមួយទៀត ដែលបែកចេញ ពីទន្លេមេគង្គ កាត់ទឹកដីដ៏សំបូរជីវជាតិ និងចំការរុក្ខជាតិ ដ៏ស្តុកស្តម ។
ក្រៅពីទេសភាពដ៏ស្រស់បំព្រង រមណីយដ្ឋាននេះក៏បានរៀបចំនៅផ្ទះបណ្ដែតទឹក អាហារដ្ឋាន និងល្បែងកម្សាន្ត ផ្សេងៗផងដែរបូកផ្សំជាមួយរសជាតិម្ហូបដ៏ឈ្ងុយឆ្ងាញ់ មាន មាន់ដុត ត្រីអាំង បង្កងអាំង ខ្យងចំហុយ និងដំណាំហូបផ្លែជាច្រើនដូចជា ខ្នុរ ល្មុត ស្វាយ ចេក ដូងជាដើម។
សូមបញ្ជាក់ផងដែរថាដើម្បីទៅកម្សាន្តនៅទីនោះ សម្រាប់អ្នកភ្នំពេញត្រូវធ្វើដំណើរតាមដងផ្លូវជាតិលេខ ១ ដោយឆ្លងកាត់ ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ ១៩ មានផ្លូវលំនៅខាងឆ្វេងដៃ ដែលមានក្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ ។ បន្តតាមផ្លូវលំនោះចម្ងាយប្រហែល ៣០០០ម៉ែត្រ ទៀតនឹងទៅដល់ទីអារាមនោះ ។ ចេញដំណើរហួសពីវត្តប្រមាណជា ១០០ ម៉ែត្រ នឹងដល់រមណីយដ្ឋាននេះតែម្ដង៕







