បាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងចិន អាចសហការគ្នាក្នុងការដឹកជញ្ជូនវត្ថុធាតុដើម តាមផ្លូវអាកាស ឬតាមផ្លូវទឹក ផ្គត់ផ្គង់រោងចក្រ ដែលកំពុងខ្វះខាត ដើម្បីចៀសវាងកុំឲ្យបិទទ្វារ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មិត្តចិន នឹងបញ្ជូនវត្ថុធាតុដើមដូចជា សាច់ក្រណាត់មួយចំនួនដឹកជញ្ជូនតាមផ្លូវអាកាស ឬតាមផ្លូវទឹក ដើម្បីសង្គ្រោះកម្មករកាត់ដេរនៅកម្ពុជា ដោយហេតុថា រោងចក្រមួយចំនួន គ្រោងបិទទ្វារ ដោយសារខ្វះវត្ថុធាតុដើមប្រមាណជា៦០ភាគរយ ដើម្បីផ្គត់ផ្គង់ និងចូលរួមសង្គ្រោះកម្មករកម្មាការិនី កុំឲ្យបាត់បងការងារ និងប្រាក់ចំណូលរបស់ពួកគាត់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឆ្នាំនេះគឺជាខួបលើកទី១០ នៃទំានាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលសម្ដេចបានរួមជាមួយថ្នាក់ដឹកនាំចិន បង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចបានរំលឹកដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុងពេលថ្មីៗនេះ ក្នុងគ្រាដែលចិនជួបការលំបាក ដែលប្រទេសដទៃមិនហ៊ានទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ហើយដែលឥឡូវនេះ អ្នកសារព័ត៌មានចិន និងអ្នកលេងអ៊ីនធឺណែតចិន គេបាននិយាយថាសម្តេចថា ជា «បុរសសង្ហារធ្វើដំណើរបញ្ច្រាស»។
សម្ដេចតេជោបានពន្យល់ថា អ្វីទៅជាការដំណើរបញ្ច្រាស មានន័យថា ប្រទេសមួយចំនួនបានរើសអើងជាមួយប្រជាជនចិន ហើយប្រទេសខ្លះបានដឹកជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន និងបិទផ្លូវហោះហើរជាមួយនឹងប្រទេសចិន។ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ មិនជម្លៀសនិស្សិតកម្ពុជាចេញពីសាធារណរដ្ឋប្រជាមានិតចិនឡើយ។ នេះគឺដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំចិន ជាមួយប្រជាជនចិន ក្នុងការទប់ស្កាត់នូវការីករាលដាលនៃជំងឺឆ្លង ខូវីដ១៩។ សម្ដេចតេជោសង្កត់ធ្ងន់ថា “កម្ពុជាសម្រេចចិត្តនេះមហាត្រឹមត្រូវ សម្រាប់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន”៕