បណ្ឌិត គិន ភា៖ អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន

សង្គម​ និង​សេដ្ឋកិច្ច

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣១ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងចិននិងអាស៊ាន ក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ថាតើរយៈពេល៣១ឆ្នាំនេះ អាស៊ានទាំងមូល ក៏ដូចជា កម្ពុជាទទួលបានអត្ថប្រយោជន៍ធំៗអ្វីខ្លះ ពីការបង្កើតទំនាក់ទំនងសន្ទនានេះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេច ហ៊ុន សែន

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កេតឃើញថា រយៈជាង៣១ឆ្នាំមកនេះ ទំនាក់ទំនងអាស៊ាន-ចិនគឺមានការវិវឌ្ឍជាវិជ្ជមានជាខ្លាំង ផ្តល់ផលប្រយោជន៍ ដ៏មហាសាល សម្រាប់ទាំងភាគីអាស៊ាននិងចិន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ នៅក្នុងតំបន់។ លោកវាយតម្លៃខ្ពស់ថា ទំនាក់ទំនងទ្វេភាគី រវាងសមាជិកអាស៊ាននីមួយៗនិង ប្រទេសចិនគឺ សុទ្ធតែមានការវិវឌ្ឍជាវិជ្ជមានគួរឲ្យកត់សម្គាល់ដែរ ព្រោះ តាមរយៈទំនាក់ទំនងល្អរវាងអាស៊ាននិងចិននេះហើយ ដែលឃើញមានការវិនិយោគរបស់ចិនកាន់តែច្រើន បានចូលមកតំបន់អាស៊ាន។

បណ្ឌិត គិន ភា

បណ្ឌិត គិន ភា ថ្លែងថា៖ «យើងដឹងហើយថា អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន រីឯចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏មានសារៈសំខាន់របស់អាស៊ានផងដែរ ដែលយើងឃើញថា តួលេខជញ្ចឹងពាណិជ្ជកម្មរវាងអាស៊ាននិងចិនគឺមានទំហំធំមែនទែន ហើយប្រទេសដែលជាសមាជិកអាស៊ាននីមួយៗគឺសុទ្ធតែបានទទួលនូវផលប្រយោជន៍យ៉ាងធំធេង ពីទំនាក់ទំនងល្អ រវាងអាស៊ាននិងចិន»។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងចិនបន្តកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

ផលប្រយោជន៍ដ៏សំខាន់មួយទៀត ដែលលោកបណ្ឌិត គិន ភា មើលឃើញដែរនោះ គឺទេសចរចិន ក្នុងនោះ បើនិយាយពីមុនពេលកើតមានជំងឺរាតត្បាតកូវីដ១៩ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់សុទ្ធតែបានទទួលនូវភ្ញៀវទេសចរចិន រាប់លាននាក់ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងនោះ។

សម្រាប់ប្រទេសកម្ពុជា ដែលជាសមាជិករបស់អាស៊ាន គឺរឹតតែទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង ពីការបង្កើតទំនាក់ទំនងសន្ទនានេះ ក្នុងនោះ ប្រទេសផ្តល់វិនិយោគធំលំដាប់ទីមួយរបស់កម្ពុជា គឺប្រទេសចិន ដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក៏ជាចិន រីឯអ្នកផ្តល់ជំនួយធំជាងគេរបស់កម្ពុជា ក៏ជាចិន។ ក្រៅពីនេះ កម្ពុជាទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជា ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចឃើញនូវការរីកចម្រើន រីកដុលដាលនូវអគារសំណង់ធំៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា បណ្តាខេត្តមានសក្តានុពលសម្រាប់ការអភិវឌ្ឍ។

មានប្រសាសន៍ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់ថា «កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ»។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្ដួចផ្ដើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។

ពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់៕

ផ្តល់សិទ្ធិដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន