លោក ស៊ុន ចាន់ថុល៖ គម្រោងសិក្សាផ្លូវទឹកថ្មីភ្ជាប់ភ្នំពេញ ទៅកែប ត្រៀមដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីសម្រេច

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃពុធ ទី២១ ខែកញ្ញាម្សិលមិញ ក្នុងពេលចុះពិនិត្យមើលវឌ្ឍនភាពការងារផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីគម្រោងសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណេញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច»។

លោកបញ្ជាក់បន្ថែមថា គម្រោងនេះមានចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់មានទឹកស្ទើរគ្រប់កន្លែង ដោយគ្រាន់តែត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ លោកថា ចំណុចដែលត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប។

គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC) ដែលរដ្ឋាភិបាលប្រកាសសិក្សានាពេលកន្លងទៅ ដើម្បីការដឹកជញ្ជូនមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង៕