ប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ហៅកាត់ KOIMA ដែលមានសមាជិកជាង ៨ពាន់ក្រុមហ៊ុន បានមកទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

លោក KIM Byung Kwan ប្រធានសមាគមអ្នកនាំចូលកូរ៉េ សមាគមអ្នកនាំចូលកូរ៉េ មានអាយុកាល ៥២ឆ្នាំ ហើយមានសមាជិកចំនួន ៨៣០០ ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។ សមាគមអ្នកនាំចូលកូរ៉េ ក៏បានប្រទេសជាដៃគូចំនួន ៦៩ និងមានទំនាក់ទំនងជិតស្និទជាមួយស្ថាទូតនៃប្រទេសនានាប្រចាំសាធារណរដ្ឋកូរ៉េ ចំនួន១០៤ ផងដែរ។
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ គណៈប្រតិភូជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកក៏បានប្រាប់អំពីការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ស្របពេលដែលក្រសួងពាណិជ្ជកម្ម បានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។
បន្ថែមទៀតនោះ លោក កឹម ស៊ីថន បានលើកទឹកចិត្តគណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម៕