អតីតអភិបាលខណ្ឌ ជ្រោយចង្វារ បច្ចុប្បន្នអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានប្រកាសថា ផ្សារឃ្លាំងរំសេវ មិនជាប់សាច់ញាតិនឹងលោកនោះទេ។ នេះបើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញ។

ការដែលចេញមកបញ្ជាក់របស់លោក ឃ្លាំងហួត ដោយសារមានប្រជាពលរដ្ឋមួយចំនួនសង្ស័យថា ផ្សារឃ្លាំងរំសេវ ជាប់នឹងសាច់ញាតិរបស់លោក។ ការសង្ស័យដដែលនេះ ក៏ប្រហែលទំនងជាអាចកត់សម្គាល់លើឈ្មោះ ឃ្លាំង ជានាមត្រកូលរបស់អតីតអភិបាលខណ្ឌ ជ្រោយចង្វាររូបនេះ។
ផ្សារ ឃ្លាំងរំសេវ នេះ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នៅក្នុងបរិវេណជាមួយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ ម្ចាស់ផ្សារឯកជនមួយនេះ គឺ ឧកញ៉ា ស៊ី គង់ទ្រីវ និងប្រពន្ធ ឈ្មោះ ហុង ស៊ួន។

គូសបញ្ជាក់ថា ផ្សារឃ្លាំងរំសេវនេះ ក៏ផ្សារចំណាស់មួយដែរ ដោយត្រូវបានគេស្គាល់ថា ជាផ្សារលក់ទូរស័ព្ទ និងស្បែកជើងថ្មី និងសម្លៀកបំពាក់ធំមួយនៅក្នុងរាជធានីភ្នំពេញ ។ ហើយផ្សារនេះត្រូវបានបិទកាលពីឆ្នាំ២០២០ ដែលគ្រោងនឹងសាងសង់អគារទំនើបដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលម៉ុង ឌីយ៉ាល់ ឲ្យមានភាពប្រសើជាងមុន និងអាចធ្វើឲ្យតំបន់ដ៏មមាញឹកមួយនេះមានសោភ័ណ្ឌភាពស្រស់បំព្រងជាងមុន៕