លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ថា នៅលើពិភពលោកនេះ គឺគ្មានប្រទេសណាដាក់បង្គោលភ្លើងបំភ្លឺលើផ្លូវល្បឿនលឿននោះទេ ព្រោះវាអស់ភ្លើងច្រើនណាស់ ហើយសូម្បីសហរដ្ឋអាមេរិក ក៏គ្មានដូចគ្នា។
ក្នុងដំណើរចុះពិនិត្យ និងសាកល្បងការបើកបរនាពេលយប់ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីយប់មិញនេះ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជារួមផ្លូវល្បឿនលឿននេះ ស្ទើរតែចប់សព្វគ្រប់ហើយ នៅខ្វះតែស្លាកសញ្ញា និងបង្កាន់មួយចំនួនប៉ុណ្ណោះ។ លោកបន្តថា ផ្លូវនេះល្អហើយ អនុវត្តការសាងសង់តាមស្តង់ដាអន្តរជាតិ ដែលបានឯកភាពគ្នា។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវនេះជាផ្លូវល្បឿនលឿន ហើយជាធម្មតាផ្លូវល្បឿនលឿននៅទូទាំងពិភពលោក គេមិនដាក់បង្គោលភ្លើងតាមផ្លូវរហូតនោះទេ ព្រោះវាអស់ភ្លើងច្រើនណាស់ ហើយសូម្បីនៅសហរដ្ឋអាមេរិក ក៏គ្មានដូចគ្នា ប៉ុន្តែគេប្រើចំណាំងផ្លាតទាំងសងខាង ពេលបើកទៅចាំងឱ្យឃើញពីគន្លងមួយៗច្បាស់។ ទោះយ៉ាងណា លោកបានបញ្ជាក់ថា ដោយឡែកសម្រាប់ច្រកចូលផ្លូវល្បឿនលឿននីមួយៗ គឺមានបង្គោលភ្លើងដើម្បីបំភ្លឺជូន។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។
ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ៕