ក្នុងពិធីចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យភ្ញុំបិណ្ឌ នៅថ្ងៃទី២២ ខែកញ្ញានេះ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ អំពាវនាវអាជីវករ ដែលបំរើសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននានា កុំឆ្លៀតឱកាសតម្លើងថ្លៃជ្រុលហួសហេតុ ដោយត្រូវរក្សាតម្លៃសមរម្យ កុំគេងប្រវ័ញ្ចភ្នែកជញ្ជីង រក្សាឱ្យបាននូវគុណភាព អនាម័យ និងទទួលភ្ញៀវ ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ។

បន្ថែមទៀតនោះ ត្រូវប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ដើម្បីសុខសុវត្ថិភាពទាំងខ្លួនឯង និងភ្ញៀវទេសចរ។
ទន្ទឹមនឹងនោះដែរ លោក សោម ពិសិដ្ឋ ក៏បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ពិសេសកងកំលាំងនគរបាលចរាចរណ៍ ត្រូវប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ដែលមកសំរាកលំហែកំសាន្តក្នុងភូមិសាស្ត្រខេត្តកែប។

ជាមួយគ្នានេះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ក៏បានដាក់ជញ្ជីងស្ដង់ដារគំរូថ្មីចំនួន ៥គ្រឿង នៅផ្សារក្ដាម ដើម្បីសាធារណជន បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកែប អាចថ្លឹងទំនិញផ្សេងៗ ដែលបានទិញប្រកបដោយសុក្រឹតភាពផងដែរ ៕