ឯកឧត្តម ស៊ុន ចា​ន់​ថុល​ ប្តេ​ជ្ញា​ជួល​ជុលផ្លូវជង្ហុក​សំបុក​មាន់ និងផ្លូវ​ខូច​ឲ្យ​បាន​៥០%រយៈពេល ៣០ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្តេជ្ញថា នឹងជួលជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចឱ្យបាន ៥០% ក្នុងរយៈពេល៣០ថ្ងៃ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។ ឯកឧត្តមប្តេជ្ញាបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តេជ្ញាចិត្តថា នឹងជួសជុល​ផ្លូវជង្ហុក​សំបុកមាន់ និងផ្លូវខូចឱ្យបាន ៥០% ក្នុងរយៈពេល៣០ថ្ងៃ តាមរយៈការប្រើ​ប្រាស់​កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យប្រជាពលរដ្ឋរាយការណ៍​ទៅកាន់ក្រុមការងារមានសមត្ថកិច្ចបានចុះមកជួសជុលបានទាន់ពេលវេលា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើ​ប្រព័ន្ធ​បណ្តាញផ្លូវប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំគ្រប់​យន្តការ​ដល់ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យខិត​ខំរូបរួមគ្នាសម្រេចឲ្យបានជោគជ័យនូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួន​ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០នេះឲ្យបានជាអតិបរមាស្របតាមស្មារតីដែលបានកំណត់យកឆ្នាំ២០២០ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

បន្ថែមលើនេះសម្តេចក្រឡាហោម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតាមសេចក្តីប្រកាស ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់​ស្តីពីចរា​ចរណ៍ផ្លូវ​គោក ព្រមទាំងបើកបរប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យ​នៅគ្រប់កាលៈទេសៈ ៕

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើង​ចំនួន៣៥៨​លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២០៦នាក់ និងរបួសធ្ងន់ស្រាលចំនួន៥៥៨នាក់ បើប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ ថយចុះចំនួន១២លើក ស្មើនឹង៣% ចំនួនអ្នក​ស្លាប់កើន​ឡើង២០នាក់ស្មើនឹង១១% និងរបួសកើន៥៨នាក់ស្មើនឹង១២%។ នេះបើយោង​តាមរបាយ​ការណ៍របស់គណៈកម្មធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕