សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងជំនួបកាលពីថ្ងៃទី២៣ ខែកញ្ញា នៅមន្ទីរស្នាក់ការអង្គការសហប្រជាជាតិ បានប្រាប់ប្រធានាធិបតីទីម័រខាងកើត លោក José Ramos Horta អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ អាចនឹងប្រកាសជាសមាជិកនៅចុងឆ្នាំ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២ សម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។ មកដល់ពេលនេះ សម្តេចតេជោ សង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន ដែលអាចប្រកាសនៅចុងឆ្នាំ២០២២នេះ ហើយនឹងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងដំណឹងនេះផងដែរបានធ្វើឱ្យប្រធានាធិបតីប្រទេសទីម័រខាងកើត និងគណៈប្រតិភូ សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ។
លោក José Ramos Horta បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់របស់ប្រទេសទីម័រខាងកើតផងដែរ។
សូមបញ្ជាក់ថា ទីម័រខាងកើត ជាប្រទេសវ័យក្មេងមួយក្នុងតំបន់អាស៊ី បានទទួលឯករាជ្យ ពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ការចូលជាសមាជិកអាស៊ានមិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ៕