ក្រសួងសាធារណការ ដែលជាអ្នកមានភារកិច្ចដឹកនាំការសាងសង់ និងគ្រប់គ្រងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សោកស្តាយចំពោះសំណេរចំណងជើងវីដេអូផ្សាយផ្ទាល់ និងរាល់ពាក្យពេចន៍ ដែលបានពិភាក្សាជាសាធារណៈ របស់លោក អាចារ្យ អេ ( AJA A) លើប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ ខែកញ្ញា។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន កាលពីថ្ងៃទី២៥កញ្ញាម្សិលមិញ បានលើកឡើងថា ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយ របស់លោកមួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយរបស់លោក និងការចូលរួមសង្គមរបស់លោក នាពេលកន្លងមក។

ក្នុងវីដេអូនោះ អាចារ្យ អេ ម្ចាស់ស្ថានីយវិទ្យុ ABA លើកឡើងពីការព្រួយបារម្ភអំពីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន។ ករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានឲ្យដឹងថា ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ពេលចូលដល់ផ្លូវល្បឿនលឿន តាមផ្លាកសញ្ញាកំណត់ល្បឿន មិនមែនតម្រូវឱ្យបើកយ៉ាងតិច 120km/h គ្រប់ស្ថានភាពនោះឡើយ។ កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏បានដាក់នូវគំនូសរំញ័រ Rumble Stripes ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

លោកបញ្ជាក់ថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ។

នៅក្នុងវីដេអូដដែល អាចារ្យ អេ និយាយថា “ច្បាប់ឱ្យបើកលឿនបំផុត 120km/h មិនខុសច្បាប់ តែខ្មែរយើងជាន់ 130km/h”។ លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់បន្ថែមថា យើងខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រេីប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដេីម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វេីដំណេីរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។
លោកថា ប្រសិនបេីករណីអ្នកបើកបរ បើកលើសល្បឿនកំណត់ នោះនគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរការណ៍ ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដេីម្បីឱ្យរៀងចាល។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២៕