នៅក្នុងពិធីទទួលទានអាហារពេលព្រឹក ថ្ងៃទី២៧ ខែកញ្ញា នាក្រុងតូក្យូ ប្រទេសជប៉ុន មេដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ប្រធានរដ្ឋរូបនេះក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។

សូមជម្រាបថា ក្នុងជំនួបលើទឹកដីជប៉ុននៅពេលនេះ មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។
ទន្ទឹមនឹងនេះដែរ មេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕