តើឡានតូចៗដូចជា Kia Morning ឬ Visto អនុញ្ញាតឱ្យបើកលើផ្លូវល្បឿនលឿនដែរឬទេ?

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​០១​ខែ គិត​​ចាប់​ពី​ថ្ងៃទី​​០១ ដល់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ២០២២។ យ៉ាងណាមិញ ​​មាន​ប្រជាពលរដ្ឋ​​មួយ​ចំនួន ​​នៅ​មាន​ចម្ងល់​ថា ​​តើ​រថយន្ត​តូចៗ​ដូចជា Kia Morning ឬ Visto ​​​​​អាច​​អនុញ្ញាត​ឱ្យ​បើក​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ដែរ​ឬ​ទេ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Kia Morning

ទាក់ទង​នឹង​ចម្ងល់​ខាង​លើ​នេះ ​​បើ​តាម​សេចក្តី​ជូន​ដំណឹង​​របស់​ក្រសួង​នៅ​ថ្ងៃ​នេះ ​​​គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ​​យានយន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ផ្លូវ​ល្បឿន​លឿន រួម​មាន៖ រថយន្ត​គ្រប់​ប្រភេទ ដែល​មាន​ល្បឿន​អតិបរិមា​លើស​ពី ៧០​គ.ម/ម៉ោង (កំណត់ពី​រោងចក្រ) និង​ទោចក្រយានយន្ត (ម៉ូតូ) ដែល​មាន​ទំហំ​ស៊ីឡាំង​​ចាប់ពី ៥០០cc ឡើង​ទៅ។ ​តាម​ការ​កំណត់ពីក្រុមហ៊ុន ​​Kia Visto ​​អាច​បើក​បាន​ល្បឿន​លឿន​បំផុត​រហូត​ដល់ ១៤៥គ.ម/ម៉ោង ខណៈ​ដែល​ Kia Morning អាច​បើក​បាន​ដល់​ទៅ ១៤៩គ.ម/ម៉ោង។ ដូច្នេះ​មានន័យថា រថយន្ត​ទាំង​ពីរ​ប្រភេទ​ រួមទាំងរថយន្តតូចៗប្រហាក់ប្រហែលគ្នានេះ គឺ​​​អាច​បើក​បរ​លើ​​ផ្លូវ​ល្បឿន​លឿន​បាន។

Kia Visto

សូម​ជម្រាប​ជូន​ថា Kia Visto ​​ត្រូវ​បាន​ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤ ខណៈ​ដែល Kia Morning ​ផលិត​ចាប់​ពី​ឆ្នាំ​២០០៣ ​​រហូត​មក​ដល់​បច្ចុប្បន្ន។ សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ​​​​គឺ​ក្រសួង​អនុញ្ញាត​ឱ្យ​បើកបរ​ល្បឿន​អប្បបរមា ៦០គ.ម/ម៉ោង និង​ល្បឿន​អតិបរមា ១២០គ.ម/ម៉ោង ​ប៉ុន្តែ​ក្នុង​នោះ​អ្នកបើកបរ ក៏​ត្រូវ​គោរព​តាម​ស្លាក​សញ្ញា​កំណត់ល្បឿន​ផ្សេងៗ ទៅ​តាម​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​ផង​ដែរ៕

​​