ពិធីបុណ្យសពថ្នាក់ជាតិជូនលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន ។
នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនទៀត បានអញ្ជើញចូលរួមពិធីបុណ្យសពនិងគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ិនហ្សូ ។

ពិធីបុណ្យសពថ្នាក់ជាតិនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំពិភពលោកប្រមាណ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ។

គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារមកលើរូបលោក ក្នុងឱកាសអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ៕

