អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យអន្តរជាតិ អីរ៉ុបផេន (Europe International University) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយ ពាណិជ្ជកម្មស្រាបៀរទាំងអស់ ចេញពីក្នុង ទឹកដីខេត្តកំពង់ស្ពឺ។ យុទ្ធនាការដ៏កម្រក្នុងទីផ្សារសេរីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តងមិន ថាប្រជាជន ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និង មហាជនទូទាំងប្រទេសដើម្បីបញ្ញាក់ស្មារតីចូលរួមកាត់បន្ថយ គ្រោះថ្នាក់នានាដែលកើតចេញពីការទទួលទាន គ្រឿងស្រវឹង ។
មានអាយុ ៤៨ឆ្នាំ លោក វ៉ី សំណាង គឺជាកូនមន្ត្រីរាជការមួយស្ថិតក្នុង ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង។ បើទោះបីជាកើតនៅខេត្តព្រៃវែងក៏ដោយ ក៏ប៉ុន្តែលោកបាន បញ្ចប់ ថ្នាក់បាក់ឌុប នៅអំឡុង ឆ្នាំ១៩៩១ ក្នុងខេត្តកំពង់ធំ នៅគ្រាដែលលោកផ្លាស់ទីកន្លែងទៅមកខេត្តកំពង់ធំតាមឪពុក។
លោកបានបញ្ចប់ការសិក្សាសាលាជាតិកសិកម្ម ព្រែកលាប ក្នុងឆ្នាំ ១៩៩៤ និងថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់នៅ សាកលវិទ្យាល័យ បៀលប្រាយ និង ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ។
លោក សំណាង បានឈានជើងប្រឡូកក្នុងការងារដំបូង នៅរដ្ឋបាលព្រៃឈើ ដែលកាលណោះហៅថា នាយកដ្ឋាន រុក្ខាប្រមាញ់។ ដោយសារតែមានបំណងទទួលបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពេលនោះលោកក៏បានប្តូរមកបម្រើ ការងារនៅក្រសួងមហាផ្ទៃ វិញ ផ្នែកនាយកដ្ឋានបុគ្គលិក ។

ដោយសារតែ មើលឃើញ នូវស្នាដៃនៃការខិតខំ និង សមត្ថភាពពេញលេញលោក វ៉ី សំណាង ត្រូវ បាន រដ្ឋាភិបាលស្នើ ព្រះមហាក្សត្រ តែងតាំងជា អភិបាលខេត្តកំពង់ស្ពឺ នៅ ឆ្នាំ ២០១៦ ខណៈលោកជាអភិបាលរងខេត្តកំពង់ស្ពឺជាង ១ឆ្នាំ។ បច្ចុប្បន្នលោកកំពុងកាន់តំណែង ជា អភិបាលខេត្ត កំពង់ស្ពឺ អាណត្តិ ទី ២ កាលពីដើម ឆ្នាំ ២០២០។
គួររម្លឹកថា មុនឡើងមកកាន់ ការងារ ថ្មី ជា អភិបាលខេត្ត កំពតកំពង់ស្ពឺ លោក សំណាង មានបទពិសោធន៍ជិត ២០ឆ្នាំ នៅផ្នែករដ្ឋបាលព្រៃឈើហើយជាមន្ត្រីដែលចូលចិត្តធ្វើការតំបន់ព្រៃភ្នំផងដែរ។

សម្រាប់ លោក វ៉ី សំណាង ទោះបីជា លោក បាន ក្លាយជា ថ្នាក់ដឹកនាំ ខេត្ត ១ ក៏ដោយ ក៏ បច្ចុប្បន្ន លោក នៅតែ បន្តការសិក្សា ផងដែរ នៅរាជបណ្ឌិត្យ សភាកម្ពុជា ផ្នែកបណ្ឌិតដែលអាចនឹង បញ្ចប់ការសិក្សា នាពេលឆាប់ៗ ខាងមុខ ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេល ដែលមាន ការបណ្តុះបណ្តាលវគ្គខ្លីៗ គឺ អភិបាលខេត្ត រូបនេះ តែងតែ មានវត្តមានជានិច្ច ដោយសារលោកជាមនុស្សចូលចិត្ត រៀនសូត្រ ។
លោក វ៉ី សំណាង ចង់ឱ្យម្នាក់ៗត្រូវតែជឿជាក់លើខ្លួនឯង និងខិតខំរៀនសូត្រ ដែលវានឹងជួយក្នុងការអភិវឌ្ឍខ្លួនឯងផងជួយគ្រួសារឱ្យរីកចម្រើន និងជួយដល់សង្គមជាតិទាំងមូលផង ដែលសង្គមជាតិត្រូវការនូវទំពាំងល្អៗសម្រាប់ស្នងទៅថ្ងៃអនាគត៕

