សៀមរាប៖ ឥឡូវនេះសត្វភេចំនួន៥ក្បាល ដែលអាជ្ញាធរជាតិអប្សរាយកមក ព្រលែងឱ្យរស់នៅក្នុងតំបន់អង្គរធំ បង្កើតកូនបានចំនួន២ក្បាលហើយ សរុបទាំងអស់មាន ៧ក្បាល។ នេះបើតាមការឲ្យដឹងពីលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
លោក យិត ចាន់ដារដ្ឋ បន្តថា រមណីយដ្ឋានអង្គរក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏មានព្រៃ ជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLI ANCE)សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើស ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។
នៅរយៈពេល៦ឆ្នាំកន្លងមកនេះ សត្វព្រៃកម្រ និងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្សាំ និងព្រលែងឱ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការមើលថែយ៉ាងល្អប្រសើរ។ សត្វទាំងនេះបានបង្កើតកូនជាបន្តបន្ទាប់ ដូច្នេះនៅ ក្នុងតំបន់អង្គរនិងមានវត្តមានប្រភេទសត្វប្រឈមពូជជាច្រើនរស់នៅ និងបានរួមចំណែក អភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់និងការផុតពូជ៕