ក្រសួងប្រៃសណីយ៍ គ្រោងដំឡើង​អង់​​តែន​​សេវា​ទូរស័ព្ទ នៅតំបន់​​​ទេសចរណ៍​​​​ដាច់​​ស្រយាល​​​​​​៣​កន្លែង​ក្នុង​ខេត្ត​​កំពង់​​ឆ្នាំង​​

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងបង្គោលអង់តែនសេវាទូរស័ព្ទ នៅ​​តំបន់ទេស​ចរណ៍​ដាច់​​ស្រយាល​ចំនួន៣កន្លែង ខណៈបច្ចុប្បន្នតំបន់ទាំងនោះ​​មិនទាន់មានសេវាទូរស័ព្ទ​​ប្រើប្រាស់​នៅឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​​លោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តំបន់​ទេស​​ចរណ៍​ទាំង៣កន្លែងដែលត្រូវដំឡើងអង់តែនសេវាទូរស័ព្ទក្នុងពេលខាងមុខនេះ រួមមាន១,​​តំ​បន់​​ទេសចរណ៍ធម្មជាតិទឹក​ធ្លាក់​​ថ្ម​​ក្រាល​ ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប ។ ២,តំបន់ទេសចរណ៍​ធម្ម​ជាតិ​​ទឹកធ្លាក់​អន្លង់ស្វាយស្ថិតនៅក្នុងភូមិក្បាលទឹក ឃុំ​​ក្បាលទឹក ។ និង ៣, តំបន់ទេសចរណ៍​ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុលសែនជ័យឃុំក្តុលសែនជ័យ ស្រុក​ទឹក​ផុស ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេស​អន្តរក្រសួង ក៏បាន​ជួបប្រជុំជា​មួយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធនិងតំណាងក្រុមហ៊ុនទូរស័ព្ទ ដើម្បីពិភាក្សា​ទៅលើការងារ​​បច្ចេកទេស និងចុះពិនិត្យមើលទីតាំងដែល​ត្រូវ​ដំឡើងអង់តែន នៅតាមតំបន់ទេសចរណ៍នីមួយៗ ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ស្រ៊ន សំឬទ្ធី អភិបាល​​រងខេត្តកំពង់ឆ្នាំង ។

គួរ​បញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រសួងគ្រោងនឹងរៀប​​ចំសាង​សង់​​បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោង​ចំណាយថវិកាជាង​១០​លានដុ​ល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅ​​ទីកន្លែងទេសចរណ៍, វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ Public wifi នៅក្នុងតំបន់អង្គរផងដែរ។

បច្ចុប្បន្នកម្ពុជា មានស្ថានីយ៍អង់តែនទូរសព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេស ១១,៤៨៩ និងអ្នក​​ប្រើប្រាស់​​សេវា​ទូរ​​ស័ព្ទ និងអ៊ីនធឺណិត៖ សេវាទូរសព្ទចល័ត ១៩,៣៤៧,៨៩២ និងសេវាអ៊ីនធឺណិត​​ចល័ត ១៧,៤៨៧,៩២២, សេវា​​ទូរស័ព្ទ​​អចល័ត ៣៩,៩៥២ និងសេវាអ៊ីនធឺណិតអចល័ត ៣១២,២៣៣៕