រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានិងសមភាគីប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានសន្យាថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបទ្វេភាគី នាពេលថ្មីៗនេះ នៅប្រទេសឥណ្ឌានេស៊ី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Thani Bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការជំរុញការរៀបចំនូវព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចផ្សេងៗ នាពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ជាពិសេសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ថែមមួយកម្រិតទៀត។
នៅក្នុងជំនួបដដែលនោះ ភាគីទាំងពីរក៏បានកត់សម្គាល់លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានផ្លាស់ប្ដូរទស្សនាទានល្អៗមួយចំនួន សម្រាប់បរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដែលមានដូចជា តាមរយៈការជួយជំរុញច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យដំណើរការល្អក្នុងការជំរុញភាពធន់រឹងមាំរបស់សេដ្ឋកិច្ច។
សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាការងាររវាងមន្រ្តីនៃប្រទេសទាំងពីរពេលកន្លងទៅ មន្ត្រីជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(CEPA) ជាមួយកម្ពុជានាពេលខាងមុខនេះ ដែលនឹងជួយបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។
កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវ័ន្តដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស-សហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល។-ល-។ គិតមកដល់ពេលនេះ បានបង្កើត CEPA ចំនួនពីររួមមាន អ៊ីស្រាអែល និងឥណ្ឌា និងត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតក្នុងតំបន់។
ទិន្នន័យពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីត-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក៕