ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅមានជនរងគ្រោះជាស្រ្តីមួយចំនួន ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ បន្ទាប់មកក៏ចាញ់បោកបុរសតៃវ៉ាន់នោះ ក្លាយជារូបភាពការជួញដូរមនុស្ស ហើយបានដាក់សំណើរអន្តរាគមន៍មកកាន់សម្តេចដោយឲ្យបើកស្ថានទូត ឬស្ថានតំណាងតៃវ៉ាន់នៅកម្ពុជា។
សម្តេចតេជោ ថ្លែងថា៖«ខ្ញុំឲ្យយកឯកសារនោះបោះចោល ព្រោះយើងមិនអាចទទួលស្គាល់ចិន២នោះទេ គឺយើងទទួលស្គាល់ចិនតែមួយ»។
សម្តេចបន្តថា យើងអាចឲ្យការវិនិយោគ ឬអ្នកវិនិយោគមករកស៊ីបាន តែមិនអាចបើកស្ថានទូត ឬស្ថានតំណាងនោះទេ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា «សូមកុំយកបញ្ហាការជួញដូរមនុស្ស មកដាក់ឲ្យកម្ពុជា បើកស្ថានទូត ឬស្ថានតំណាងនៅកម្ពុជាដើម្បីទទួលស្គាល់តៃវ៉ាន់ »។ សម្តេចបញ្ជាក់ថា «កម្ពុជាទទួលស្គាល់ចិនតែមួយប៉ុណ្ណោះ»៕