សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។
គណៈកម្មការអន្ដរក្រសួងនេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន រួមជាមួយនឹងអនុប្រធាន និងសមាជិក១៨រូបផ្សេងទៀត។

ក្នុងសេចក្តីសម្រេចគណៈកម្មការនេះ មានភារកិច្ចដូចតទៅ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។
គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។ ជាមួយគ្នានេះ អនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានគណៈកម្មការនេះ មានសិទ្ធិអញ្ជើញតំណាងពីក្រសួង ស្ថាប័ននានាឱ្យចូលរួម ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងករណីចាំបាច់។ គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕


