ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជា ។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះធ្វើក្នុងឳកាសអញ្ជើញតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថាទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។
គួរបញ្ជាក់ថា ក្រុងបាវិត របស់ខេត្តស្វាយរៀង ត្រូវបានចាត់ទុកជាមណ្ឌលកណ្តាលមួយរវាងទីក្រុងភ្នំពេញនិងទីក្រុងហូជីមិញ។ ហើយការកសាងផ្លូវនិងខ្សែក្រវាត់របស់ចិន និងការកសាងផ្លូវល្បឿនលឿន នឹងធ្វើឲ្យក្រុងបាវិតកាន់តែបន្ថែមសក្តានុពលទាក់ទាញអ្នកវិនិយោគផងដែរ៕

