ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះធ្វើក្នុងឳកាសអញ្ជើញតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជាបានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។
ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងសម្រេចបាននូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការថ្លែងបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ។
គួរបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ។
ក្នុងនោះបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ (i) ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និង (ii) ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ ៕