ភ្នំពេញ៖ កម្ពុជា តាមរយៈសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រគល់សម្ភារៈទប់ស្កាត់វីរុសកូរ៉ូណា ឬ COVID 19 មួយចំនួន ដល់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០២ មិនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការប្រគល់សម្ភារការពារទប់ស្កាត់វីរុសកូរ៉ូណា របស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រសួងការពារជាតិចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នាពេលនេះ គឺជាទឹកចិត្តចូលរួមចំណែក ការទប់ស្កាត់ជំងឺដ៏សាហាវនេះ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ចូលរួមលើកស្ទួយកិច្ចការមនុស្សធម៌ ជាដើម។ សម្តេច បានបង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ ទៅលើរដ្ឋាភិបាលចិនថា នឹងមានលទ្ធភាពអាចបង្ក្រាប និងលុបបំបាត់វីរុស កូរ៉ូណា ឬ Covid-19 នេះឱ្យទទួលបានជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចពិជ័យសេនា វាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺមានតម្លៃ និងផលប្រយោជន៍ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិធាន បានលើកឡើងថា ចាប់តាំងពីប្រទេសចិន ទទួលរងគ្រោះដោយសារវីរុស កូរ៉ូណា ឬ Covid-19 មក ថ្នាក់ដឹកនាំកំពូល និងប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ដល់ប្រជាជនចិនជាខ្លាំង។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា មិនបញ្ឈប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិន ព្រមទាំងបានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលចិន យ៉ាងពេញទំហឹងបំផុត។
លោក វ៉ាង វិនធាន បានបន្តថា អ្វីដែលធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនចិន រន្ធត់ចិត្តយ៉ាងខ្លាំងនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចក្នុងប្រទេសចិន ដែលគ្មានបណ្តាថ្នាក់ដឹកនាំណាមួយហ៊ានទៅប្រទេសចិន ក្នុងពេលចិនកំពុងតែជួបវិបត្តិវីរុសកូរ៉ូណាថ្មី ឬ Covid-19 ដែលបង្ហាញពីទឹកចិត្ត និងអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដែលមិនអាចបំភ្លេចបាន។
ឯកអគ្គរដ្ឋទូតចិន បានបន្ថែមទៀតថា ការនាំយកសម្ភារទប់ស្កាត់ការពារវីរុស កូរ៉ូណា របស់សម្តេចពិជ័យសេនា ទៀ បាញ់ នាពេលនេះ គឺបង្ហាញឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងទឹកចិត្តកដ៏ល្អរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។
លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា បន្ទាប់ពីធូរស្រាល នៃវីរុស Covid-19 កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងមានភាពកាន់តែល្អប្រសើរខ្លាំងក្លាបន្ថែមទៀត នាពេលអនាគត៕