ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃចន្ទ ទី៣តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាកលវិទ្យាល័យឯកជន បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាច្រើនគិតមកដល់ពេលនេះ។ សម្តេចបន្តថា នេះជាមោទនភាពដែលមានធនធានមនុស្សកាន់តែច្រើនឡើងៗ។
ការដែលមានធនធានមនុស្សកាន់តែច្រើននេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថាដោយសារជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការបើកឪកាសឲ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។ បើតាមសម្តេចការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺមិនអាចពឹងផ្អែកតែលើសាលារដ្ឋទាំងស្រុងបាននោះឡើយ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តល់ឪកាសឲ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃសិក្សា ដើម្បីដំណើរការដោយខ្លួនឯង ដោយរដ្ឋមិនបានផ្តល់ថវិកាសម្រាប់វិនិយោគ ដូចជា កសាងហេដ្ឋារចនសម្ព័ន្ធជាដើម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ «វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច, វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់ច្រើន»៕