ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមលោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក កាលពីពេលថ្មីៗកន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ លោក ថោង ខុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ទុកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងបើកប្រទេសទទួលទេសចរចាក់វ៉ាក់សាំងពេញលេញចាប់ពីចុងឆ្នាំ២០២១។
លោកបន្តថា ក្នុងដំណើរការស្ដារនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍កំពុងសហការជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធអនុវត្តផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥ យ៉ាងសកម្ម៕