អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ នូវលក្ខខណ្ឌសំខាន់ៗ និងចាំបាច់ ដើម្បីអាចធ្វើលិខិតឆ្លងដែនធម្មតាបាន។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះសារកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអាចធ្វើលិខិតឆ្លងដែនធម្មតា ចាំបាច់ត្រូវមានលក្ខខណ្ឌចំនួន៤ដូចខាងក្រោម៖
១. ឯកសារសម្រាប់ធ្វើលិខិតឆ្លងដែន
-សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
-សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។
២.បែបបទ នៃការផ្តល់លិខិតឆ្លងដែន
-អ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែន
-ភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៣.តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ)
*សម្រាប់មនុស្សចាស់មានសុពលភាព ១០ឆ្នាំ
-សេវាធម្មតា តម្លៃ ១០០$ រយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ
-សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
-សេវាឆាប់រហ័ស តម្លៃ ២០០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ
*សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ
-សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
-សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
-សេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល០១ថ្ងៃនៃថ្ងៃធ្វើការ
*ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខានឹងត្រូវផ្តល់ជូនក្នុរយៈពេល៣(បី)ថ្ងៃយ៉ាងយូរ។
៤.ទីតាំងផ្តល់សេវា
-នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២
-សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
យ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ អះអាងថា ដើម្បីមានភាពងាយស្រួល និងសម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ ដោយមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕