នាយករដ្ឋមន្ត្រីគុយបា បានមកដល់កម្ពុជា ដើម្បី​​បំពេញ​ទស្សន​កិច្ចផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់​​មកដល់ ប្រទេស កម្ពុជាហើយ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញ​ទស្សន​កិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណា​ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ ជួបសម្តែង​ការគួរ​សមជាមួយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

លោកនាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយនាយក​រដ្ឋមន្ត្រីទាំងពីរ នឹង​អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗ​ទៀត។

ក្រសួងការបរទេស បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីគុយបា នឹងបញ្ជាក់ជា​​ថ្មីអំពីទំនាក់ទំនង យូរ​អង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់​​ពីតម្រូវការក្នុងការពង្រឹង និង​ពង្រីក​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍​​កាន់តែប្រសើរ​សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕