នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីតំបន់អភិវឌ្ឍមជ្ឈមណ្ឌលទំនេីបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជេីងទឹក ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កិច្ចប្រជុំដ៏ធំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមានវត្តមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនបានសម្រេចផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើទំនើបកម្មកងទ័ពជើងទឹកនៅកម្ពុជា។ ពិធីបើការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា មូលដ្ឋានទ័ពជើងទឹករាម មានទំហំតូច ដូច្នេះហើយ យើងត្រូវពង្រឹងមូលដ្ឋានរបស់យើង ដើម្បីការពារជាតិ ទឹកដី និងអធិបតេយ្យភាពរបស់យើង។ លោកគូសបញ្ជាក់ថា គម្រោងទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍កងទ័ព ស្របតាមសៀវភៅសរបស់ក្រសួងការពារជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម គឺស្របតាមរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មានចេតនាអ្វីក្រៅពីការបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងសម្ពាធ និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងតែប្រឈមនោះទេ។ សម្តេចក៏បានច្រានចោលទាំងស្រុងនូវរបាយការណ៍របស់កាសែតអន្តរជាតិមួយ ដោយលោកបាននិយាយថា ទំនើបភាវូបនីយកម្មនៃមូលដ្ឋានទ័ពជើងទឹករាម មិនមែនសម្រាប់ប្រទេសចិនទេ គឺសម្រាប់ការពារជាតិកម្ពុជា៕