ឯកឧត្តម ប្រាក់ ​សុខុន​ ជំរុញ​ឲ្យ​មាន​​កំណើនស្រ្តីបម្រើការ​ងារក្នុង​ក្រ​សួងការបរទេស​ក្នុង​ទិវា​អន្តរ​ជា​តិ​​នារី​៨មីនា ខួប​លើក​ទី១០៩

សង្គម​ និង​សេដ្ឋកិច្ច

 ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រារព្ធពិធីអបអរ​សាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា បច្ចុប្បន្នមានស្រ្តីកំពុងបម្រើការងារនៅក្នុងក្រសួងការបរទេសប្រមាណ ២៦១នាក់ ក្នុងចំណោមមន្រ្តីសរុបទាំងអស់ជាង ៧០០នាក់។ ឯកឧត្តមថ្លែងបែបនេះ នៅក្នុងពិធីអ​បអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នៅទី​ស្តីកា​រក្រសួងការបរទេស។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ផ្តល់ឱកាសខ្ពស់​ចំពោះស្រ្តីក្នុងការបម្រើការងារនៅក្នុងក្រសួង ដោយឯកឧត្តម គូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលចាត់ទុកថា ស្រ្តីគឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបានផ្តល់ឱកាសឲ្យមន្រ្តីជា​ស្រ្តីទទួល​បានការបណ្តុះបណ្តាលបន្ថែម ដើម្បីអភិវឌ្ឍខ្លួន ឲ្យដូចជាបុរសដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់មន្រ្តីនៃ​ក្រសួងការបរទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើ​ការងារអស់ពីកម្លាំង​កាយចិត្តកន្លងមក។

កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឲ្យគ្រប់ក្រសួងស្ថាប័ន​ខិតខំដាក់ឲ្យស្រ្តីជំនួស​ក្នុងមុខងារដែលស្រ្តីធ្លាប់កាន់កន្លងមក ដើម្បីរក្សាអត្រាមុខដំណែងចំណូលរបស់ស្រ្តី៕