អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តថ្មី ដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក ក្រោមហេតុផលថារថយន្តចាស់អាចធ្វើឱ្យមានបន្ទុកចំណាយច្រើន ដូចការស៊ីសាំងនិងចំណាយទៅលើការជួសជុសច្រើនជាដើម។ ការជំរុញនេះ ស្របពេលដែលការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងសម្រាប់ទីផ្សាររថយន្ត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែតុលានេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច បានបង្កើតក្រុមការងារសិក្សាពីការប្រើប្រាស់រថយន្តនៅកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការនាំចូលរថយន្តចាស់ៗ និងជំរុញលើកចិត្តឱ្យមានការប្រើប្រាស់រថយន្តថ្មី ព្រមទាំងរថយន្តអគ្គិសនី ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយ។
លោកបញ្ជាក់ថា ទីផ្សាររថយន្តថ្មីនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយឃើញថាមានការកើនឡើង ខណៈដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តនៅក្នុងស្រុក។
ពីមួយឆ្នាំទៅមួយឆ្នាំ គេមើលឃើញថា វិស័យឧស្សាហកម្មយានយន្ត ប្រទេសកម្ពុជា ទាក់ទាញក្រុមហ៊ុនធំៗជាបន្តបន្ទាប់មកបោះទុនវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារ សង់រោងចក្រដំឡើងរថយន្ត នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម។ បើគិតមកដល់ឆ្នាំ ២០២២ ក្រុមហ៊ុនសរុបទាំងអស់ចំនួន៧ ដែលកំពុងបើកដំណើរការរោងចក្រដំឡើងរថយន្តរួចមកហើយ។ ថ្មីៗនេះមានក្រុមហ៊ុន Toyota មួយទៀតទើបនឹងបង្ហាញពីគម្រោងច្បាស់លាស់ថា មកបោះទីតាំងបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រាប់ផ្គត់ផ្គង់ទីផ្សារថែមទៀត។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះរួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម។២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ។៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai។៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA ។៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd។ ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា រាល់ការវិនិយោគរបស់ក្រុមហ៊ុនដំឡើងរថយន្តទាំងនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិយោគបរទេស និងទាក់ទាញក្រុមហ៊ុនដទៃទៀត ដែលសំឡឹងឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ៕