អូន ដាវ ថៅកែស្រីវ័យក្មេង និងជាសហគ្រិនដ៏ស្រស់ស្អាត ព្រមទាំងមានទេពកោសល្យម្នាក់ ដែលជាម្ចាស់ហាងនំ The Cake ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសជ្រើសរើសជំនួយការផ្ទាល់ខ្លួនចំនួនប្រាំទៅប្រាំមួយនាក់ និងផ្តល់អាទិភាពសម្រាប់អ្នកមានទឹកចិត្តស្មោះត្រង់ និងបេះដូងស្អាតបាត។
នាយិកាសាលាធ្វើនំ ឈ្មោះថា “សាលានំ – Salanum” រូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ “ពេលថ្មីៗនេះ ខ្ញុំទើបតែបញ្ចប់ការសិក្សាបន្ថែមលើជំនាញដេគ័រនំ ហើយមានបំណងចង់បានជំនួយការផ្ទាល់ខ្លួន ៥-៦នាក់ (ពេញម៉ោង) ដែលស្រលាញ់ការដេគ័រនំ និងមានបំណងចង់រួមដំណើរជាមួយគ្នាយូរៗតទៅ អាទិភាពសម្រាប់អ្នកទឹកចិត្តស្មោះត្រង់ និងបេះដូងស្អាតបាត។ មានចំណាប់អារម្មណ៍ សូមដាក់ CV ឱ្យបានមុនខែ វិច្ឆិកា នេះ”។
គួររំលឹកផងដែរថា សហគ្រិនតូច ម៉ៅ សាលីន ហៅ អូនដាវ មានកំណើតនៅលើទឹកដីខេត្តបាត់ដំបងនៃទឹកដីដងស្ទឹងសង្កែរ ហើយដោយអំណាចនៃការស្រលាញ់លើនំខេកខ្លាំង ក្មេងស្រីតូចរូបនេះក៏សម្រេចចិត្តចេញរកស៊ីទាំងវ័យក្មេង បង្កើតហាងនំខេកនៅខេត្តបាត់ដំបងរីកចម្រើន រហូតឈានជើងបោះជំហានចូលក្រុងភ្នំពេញ។ សព្វថ្ងៃនេះអាជីវកម្មរបស់ដាវ គឺកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាមួយនឹងរសជាតិ តម្លៃ និងការរចនាដ៏ទាក់ទាញ៕