គណ:ប្រតិភូក្រសួងកសិកម្មកម្ពុជាទៅកាន់ទីស្នាក់ការកណ្តាល សហភាពអឺរ៉ុប នៅទីក្រុង ប៊្រូសេល នៃប្រទេសប៊ែលហ្សិក ដើម្បីស្វែងយល់រឿងធំៗចំនួន២ ពីសហភាពអឺរ៉ុប ដើម្បីពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា ដែលដឹកនាំដោយលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានឈ្វែងយល់ពីបទបង្ហាញរបស់ លោក Lazlo Avonts (Director Border Control Post Antwerp) នៅចំនុចសំខាន់ៗចំនួន២ចំនុច រួមមាន៖ ១- ត្រួតពិនិត្យរាល់ផលិតផលកសិកម្មទាំងអស់ទាក់ទងជំងឺឆ្លងសត្វ រុក្ខជាតិ សត្វល្អិតចង្រៃ ថ្នាំពុលកសិកម្ម និងសារធាតុគីមីជាពិសេសអនាម័យ និងភូតគាមអនាម័យដែលត្រូវបានហាមឃាត់ ដោយសហភាពអ៊ឺរ៉ុប ទី២- មានសមត្ថភាពធ្វើការត្រួតពិនិត្យចំណីអាហារ ជីគីមី ភូតគាមអនាម័យលើបសុឱសថ ដើម្បីការពារសុខភាពអ្នកបរិភោគ។
នាឱកាសនេះដែរ លោក វេង សាខុន ក៏បានលើកឡើងសំណួរសំខាន់ៗមួយចំនួនទាក់ទងគោលការណ៍ ប្រូត្រកូល ឬលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ និយាមបច្ចេកទេស និងច្បាប់ដែលតម្រូវដោយសហភាពអឺរ៉ុប មុនធ្វើការនាំចូលផលិតផលកសិកម្មមកកាន់ទីផ្សារសហភាពអឺរ៉ុប ជាពិសេសយោបល់ និងការណែនាំជាលក្ខណៈបច្ចេកទេសដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃផលិតផលកសិកម្មស្របតាមស្តង់ដារអឺរ៉ុប។
សូមជម្រាបជូនផងដែរថា ផលិតផលកសិកម្មកម្ពុជាដែលបាននាំចូលទៅកាន់សហភាពអឺរ៉ុបឆ្លងកាត់តាមកំពង់ផែ Antwerp រួមមាន៖ អង្ករ ម្ទេស រមៀត ខ្ញី និងម្រេច៕