សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះកម្ពុជា មិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជំងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យសិល្បៈករទាំងអស់ ក្លាយជាសកម្មជនចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងនាពេលនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងផ្តល់កិត្តិយសប្រគល់បណ្ណសរសើរដល់មន្ត្រី និងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីរសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២០។
ក្នុងឪកាសនោះ សម្តេច នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។
សូមជម្រាបថា ការស្នើសុំទៅកាន់សិល្បៈករ សិល្បៈការរិនី ពីសំណាក់សម្តេច ហ៊ុន សែន ជាថ្មីម្តងទៀតនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមរយៈបណ្តាញសង្គម ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជម្ងឺកូរ៉ូណាកម្ពុជា កាន់តែច្រើន បើទោះជាមានការអះអាងពីក្រសួងសុខាភិបាលកម្ពុជា ថាគ្មានអ្នកកើតជំងឺនេះនៅកម្ពុជាក៏ដោយ៕ អត្ថបទ៖ សិរីកា