កម្ពុជា កំពុងពន្លឿនការរៀបចំច្បាប់លើការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ ខែតុលានេះ ដឹកនាំអន្តរក្រសួងប្រជុំពន្លឿនរៀបចំច្បាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) សម្រាប់ធ្វើជាក្រឹត្យក្រមគតិយុត្ត នៃច្បាប់មួយដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។

លោក ប៊ុន ហុន ប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វិស័យអាកាសយានគ្មានមនុស្សបើក(ដ្រូន)នេះ មានការរីកដុះដាលយ៉ាងខ្លាំង ហើយចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័យនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក រួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្មដឹកជញ្ជូន វិស័យកសិកម្ម វិស័យសិល្បៈកម្សាន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។

លោកថា នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើនទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី គេបានប្រើប្រាស់អាកាសយានគ្មានមនុស្សបើកនេះ ទៅឆ្លើយតបលើដំណាំបាញ់ថ្នាំសម្លាប់សត្វល្អិត ថតពិនិត្យលើផលដំណាំ ដែលនាំឱ្យចំណេញពេលវេលា និងមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ ក្រៅពីនេះនៅមានផលប្រយោជន៍ជាច្រើនផ្សេង ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេលមានអគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ ទោះបីជាអាកាសយានគ្មានមនុស្សបើក (ដ្រូន)។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា នៅពុំទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់គ្រប់គ្រងរួចហើយ។

យ៉ាងណ បើតាមប្រធានក្រុមការងាររៀបចំអនុក្រឹត្យនេះ បានគូសបញ្ជាក់ថា អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី ការនាំចូល ការផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ៕ អត្ថបទ៖ រង្សី