សម្តេចតេជោ ហ៊ុន សែន បញ្ជាដល់ក្រសួងមហាផ្ទៃ ចាត់វិធានការលើជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់ ដែលប្រមាថរបាំព្រះរាជទ្រព្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ កុំឱ្យចូលកម្ពុជា

កម្សាន្ត សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះជនជាតិ​ម៉ាឡេស៊ីសញ្ជាតិ​សិង្ហបុរី​ម្នាក់ រហូតបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ហាមជនបរទេសរូបនេះ កុំ​ឱ្យ​ចូល​ក្នុង​ប្រទេសកម្ពុជា ក្រោយប្រមាថដល់របាំព្រះរាជទ្រព្យកម្ពុជាយ៉ាងធ្ងន់ធ្ងរនោះ។ការ​បញ្ចេញ​ប្រតិកម្មខ្លាំង​ៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅ​ក្នុង​ឱកាស​ដែលសម្តេចបាន​អញ្ជើញ ជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ម្សិល​​មិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងដូច្នេះថា៖ «ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល មិន​អាច​ទទួលយកបានទេនូវការធ្វើឱ្យអាប់ឱននូវមរតកដូនតាដែលបានបន្សល់ទុក ហើយ​ជាពិសេស​ គឺរបាំព្រះរាជទ្រព្យ ដែលសូម្បីតែអង្គព្រះមហាក្សត្ររបស់យើង ក៏មិនដែលបានឃើញថា របាំ​ព្រះរាជទ្រព្យ ត្រូវសម្តែងនៅពីក្រោយមនុស្សនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ របាំទាំងអស់​ត្រូវ​បាន​បែរ​មុខ​ឆ្ពោះ ទៅរកព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ ឬក៏ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅវិញទេ អ្វីដែល​ធ្ងន់ធ្ងរ​ជានោះមនុស្សម្នាក់នេះ ដែលជាជនជាតិម៉ាឡេ ទើបនឹងចូលសញ្ជាតិសឹង្ហកាព័រ បាន​បន្តុះ​បង្អាប់​វាយប្រហារ ព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ។ សម្តេចតេជោ បាន​ចាត់វិធានការចំពោះមន្ត្រីដែលបានចូលទៅ Comment នៅក្នុង Facebook ហើយ​​សម្តេចតេជោ បានដាក់បទបញ្ជាឱ្យ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់បុគ្គលរូបនេះ មិនឱ្យជាន់ទឹកដីកម្ពុជាតទៅទៀត»។

ជាមួយនឹងប្រតិកម្មយ៉ាងខ្លាំងៗចំពោះជនជាតិម៉ាឡេស៊ី ដែលប្រមាថចំពោះ​របាំព្រះរាជទ្រព្យរបស់​ជាតិខ្មែរនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ថា ប្រសិនបើជនជាតិម៉ាឡេស៊ី ដែលទើប​ទទួល​បាន​សញ្ជាតិសិង្ហបុរីរូបនេះ ធ្វើការសុំទោសចំពោះព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាល ក្នុង​នាម​រាជរដ្ឋាភិបាល សម្តេចអាចនឹងបើកឱកាសដល់ បុគ្គលរូបនេះចូលមកប្រទេសកម្ពុជាវិញ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ជនជាតិម៉ាឡេស៊ីរូបនេះ គ្រាន់តែជាគ្រូហុងស៊ុយ ហេតុអ្វី​ទៅបានជាត្រូវយកសិល្បៈបុរាណខ្មែរ យកទៅធ្វើពិធីបួងសួង ហើយគ្រូហុងស៊ុយនេះ នៅពីមុខ​សិល្បៈ​ជាតិរបស់ខ្មែរទៅវិញ ហើយការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី នាថ្មីៗនេះ គឺខុសនឹងរបាំប្រពៃណីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា របាំព្រះរាជទ្រព្យជារបស់ជាតិខ្មែរទាំងមូល ដូច្នេះត្រូវ​រក​ឱ្យឃើញបើទោះបីអ្នកដែលនាំរបាំព្រះរាជទ្រព្យ ទៅសម្តែងនៅសិង្ហបុរី ជាព្រះរាជវង្សានុវង្ស ក៏​ត្រូវ​តែយាងព្រះរាជវង្សានុវង្សនោះឱ្យក្រសួងវប្បធម៌ ដើម្បីឱ្យក្រសួងធ្វើការណែនាំ ហើយមិន​អាច​តាំង​ខ្លួន​ជាព្រះរាជវង្សានុវង្ស នាំរបាំងសិល្បៈខ្មែរទៅបំផ្លាញនោះទេ សិល្បៈរបស់យើង គឺជា​របស់​ប្រជាជាតិ​កម្ពុជា មិនមែនជារបស់សែរាជវង្សអង្គណាមួយនោះទេ ហើយអង្គព្រះមហាក្សត្រ ទ្រង់​មិនដែលទុករបាំណាមួយជារបស់ទ្រង់ផ្តាច់មុខនោះដែរ។

តែយ៉ាងណានោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះមិនមែនជម្លោះរវាងកម្ពុជា និង​សិង្ហបុរីនោះទេ តែជាជម្លោះជាមួយជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់នេះ ដែល​ប្រមាថ​ចំពោះ​កម្ពុជា ហើយបានរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួន រាប់ទាំងបុគ្គល​ម្នាក់​ជាជំនួយ​ការ​រដ្ឋមន្រ្តី​ប្រតិភូនាយករដ្ឋមន្រ្តី ដែលសម្តេចចេញអនុក្រឹត្យដកចេញពីតំណែងផងដែរ។

នាយករដ្ឋមន្រ្តី សម្តេចតេជោ ក៏ដាក់បទបញ្ជាដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យពង្រឹងវិន័យ​ដល់​អ្នក​សិល្បៈការគោរពវិស័យសិល្បៈជាតិខ្មែរ ឱ្យបានហ្មត់ចត់ ហើយសម្តេចគាំទ្រឱ្យយក សិល្បៈ​កម្ពុជា​ ទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែមិនមែនយកទៅធ្វើឱ្យអាប់ឱននោះទេ។

ភ្លាមៗក្រសួងមហាផ្ទៃ ដែល​មាន​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ចេញ​សេចក្ដី​ប្រកាស​ ភ្លាមៗ​តែ​ម្ដង ​ហាម​ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរីម្នាក់ ដែលបង្ខូចរបាំព្រះរាជទ្រព្យខ្មែរ ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ភ្លាម​ បិទមិនឱ្យចូលកម្ពុជា​នោះ​ឡើយ។

​ ជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរី ​ដែលបានធ្វើឱ្យប៉ះពាល់ដល់របាំព្រះរាជទ្រព្យខ្មែរ មាន​ឈ្មោះ​​ថា Cheah Fah Loong ដែល​ការ​​ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា ដោយសារតែបុរសជនជាតិ​ម៉ាឡេស៊ី​សញ្ជាតិ​សិង្ហបុរី​រូបនោះ បាន​យក​របាំ​ព្រះរាជទ្រព្យ របស់កម្ពុជា ទៅសម្តែងដោយភ្ជាប់ជាមួយអាគមន៍អោមអាម ខុស​ពីវប្បធម៌ខ្មែរ។

ផ្តើមចេញពីរឿងនេះ កាលពីព្រឹកថ្ងៃទី៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យ​ដកចេញពីតំណែង លោក យាង វណ្ណី ដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ឆែម គាតរិទ្ធី ផងដែរ៕