លោក ឃី កុសល ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នកំពុងកាន់តួនាទីជា «អនុរដ្ឋលេខាធិការ» ក្រសួងកសិកម្ម។
តើលោក ឃី កុសល មានប្រវត្តិសិក្សា និងការងារយ៉ាងណាខ្លះ?

លោក ឃី កុសល បានចូលបម្រើការងារជាមន្រ្តីរាជការតាំងពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេស។ ក្នុងនោះ លោកបានចូលរួមបំពេញ និងបង្កើតស្នាដៃជូននាយកដ្ឋាននៃក្រសួងចំនួនពីរ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់ ចាប់ពីតួនាទីជាមន្រ្តីរដ្ឋបាល និងធនធានមនុស្ស ដល់អនុរដ្ឋលេខាលេខាធិការ នៃក្រសួងកសិកម្ម។

មន្ត្រីជាន់ខ្ពស់វ័យក្មេងរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ UWIC ពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជំនាញសំណង់ស៊ីវិល និងរដ្ឋបាលពាណិជ្ជកម្ម។
លោក ឃី កុសល ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ខណៈដែលមុនមានការតែងតាំងតំណែងថ្មីនេះលោកជាអគ្គលេខាធិការរង ក្រសួងកសិកម្ម។
បច្ចុប្បន្ន លោក ឃី កុសល ក៏មានតួនាទីផ្សេងៗបន្ថែមទៀតដូចជា នាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ដែលជាឪពុករបស់លោក ឃី កុសល ត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះយ៉ាងណា សម្រាប់លោក ឃី កុសល ត្រូវបានគេមើលឃើញថា ជាមន្ត្រីវ័យក្មេងដែលពោរពេញដោយសមត្ថភាពខ្ពស់ ពូកែទាំងភាសាបរទេស ភាពជាអ្នកដឹកនាំ និងភាពក្លាហាន។
លោក ឃី កុសល តែងតែទទួលបានការគោរពស្រលាញ់ពីមន្ត្រីក្រោមឱវាទ ជាពិសេសសម្រាប់មន្ត្រីថ្នាក់ក្រោមភាគច្រើន តែងតែចាត់ទុករូបលោកជានិមិត្តរូប (Idol) ផងដែរ៕


