នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំស្តីពីការបំពេញការងារផ្សេងៗ ដើម្បីធានាដល់និរន្តរភាពការងាររបស់ក្រសួង ក្នុងនោះលោកក៏បានណែនាំឱ្យយកត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅទុកនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសវិញ។

ក្នុងសេចក្តីណែនាំ៤ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំត្រង់ចំណុចទី២ ថា ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សា និងការពារឯកសារទាំងអស់ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបានតែងតាំង និងចូលកាន់តំណែងនាពេលខាងមុខ។ ចំពោះមុខ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ។
សូមអានសេចក្តីណែនាំលម្អិតទាំងស្រុងខាងក្រោម៖


សូមបញ្ជាក់ថា កាលថ្ងៃទី០៨ ខែតុលា ម្សិលមិញនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី នៃក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន៕