មួយថ្ងៃក្រោយរាជរដ្ឋាភិបាលចាត់តាំងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី០៩ ខែតុលានេះ សម្រេចបង្កើតក្រុមការងារពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។

ក្រុមការងារនេះ លោក អូន ព័ន្ធមុនីរ័ត្ន បែងចែកចំនួន៣ក្រុម រួមមាន៖ ក្រុមការងារទទួលខុសត្រូវរួម, ក្រុមការងារចុះពិនិត្យជាក់ស្តែងតាមបណ្តាខេត្តគោលដៅ និងក្រុមការងារបូកសរុបរបាយការណ៍។
បើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយរដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម ក្រុមការងារទាំងអស់មានតួនាទី និងភារកិច្ច សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្តារឡើងវិញដំណាំស្រូវ និងដំណាំរួមផ្សំ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយសារសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្រុមការងារនេះ ក៏មានតួនាទី និងភារកិច្ច ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត និងលទ្ធភាពស្តារឡើងវិញដំណាំដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីស្តារឡើងវិញឱ្យបានទាន់ពេលវេលាផងដែរ៕