គិតមកដល់ពេលនេះ កំពង់ផែទេសចរណ៍ខេត្តកំពត បានសាងសង់បញ្ចប់ជាស្ថាពរហើយ។ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ បានបង្ហាញក្តីរំពឹងទុកថា កំពង់ផែដែលមានតម្លៃជិត២០លានដុល្លារនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា។
បន្ទាប់ពីការសាងសង់រួចរាល់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ,ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ, និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ និងពិភាក្សាលើការងារមួយចំនួន ដើម្បីដាក់ឱ្យដំណើរការកំពង់ផែនេះនាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ឯកឧត្តមបន្តថា កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា កំពង់ផែបម្រើផ្នែកទេសចរណ៍ដ៏ធំនៅក្នុងខេត្តកំពតនេះ ស្ថិតនៅជាប់នឹងដងព្រែកដែលជាដៃសមុទ្រ ស្ថិតក្នុងស្រុគទឹកឈូ មានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២។
កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨លានដុល្លារអាមេរិក។ ដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕