សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា សម្តេចនឹងស្នើតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១១ ខែតុលានេះ។ ការបង្ហើបនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំបានស្នើទៅព្រះមហាក្សត្រ តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
បើទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយ ក៏ប៉ុន្តែឯកឧត្តម វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ ដូច្នេះយើងមិនអាចចោលអ្នកណាម្នាក់នោះទេ»។
គួរបញ្ជាក់ថា លោក វេង សាខុន បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ។ លោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅល្ងាចថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២៕