ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនសេចក្តីព្រាងចំនួន៣ ដើម្បីគាំទ្រដល់ច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា ​និង​អនុម័ត លើសេចក្តីព្រាងសំខាន់ៗចំនួន៣ បន្ថែម​ទៀត ​ដើម្បី​គាំ​ទ្រ​ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែង​កម្ពុជា «គ.ប.ក.»​ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៣ បន្ថែមទៀត រួមមាន

១. សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧

២. សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ​ក្រោម​ច្បាប់​ស្តី​ពី​ការ​ប្រកួត​ប្រជែង

. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោម​ច្បាប់​ស្តីពីការប្រកួតប្រជែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប. ដែលជាលេខាធិការដ្ឋាន នៃ គ.ប.ក. ក្នង​ការ​ទាក់​ទង​ស្ថាប័ន​ប្រកួត​ប្រជែង​អន្តរជាតិ​នានា ព្រមទាំងការខិតខំរៀបចំនូវបទប្បញ្ញត្តិនានា និងសមិទ្ធផលការងារជាច្រើន នា​ពេល​កន្លងមក។

គួរបញ្ជាក់ដែរថា ជាលទ្ធផល អង្គប្រជុំខាងលើ បានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣ ដែល​រួម​មាន៖ (១.) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ​២០២២-២០២៧ (២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និង​ការ​ស៊ើប​អង្កេត​ ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង(៣.) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និង​នីតិ​វិធី​នៃ​ការ​ដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រម​ទាំង​ឯកភាព​ក្នុង​ការ​ទទួល​ធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមក លេខាធិការដ្ឋាន ក្នុង​ការ​សម្រប​សម្រួល​និង​កែ​សម្រួល​ ដើម្បីដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕